ថ្ងៃទី២៣ តុលា ២០២១ ប្រមូលផលផ្សិតចំបើង នៅវិទ្យាល័យវត្តអង្គរជ័យ មានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានិសិស្ស និងក្រុមការងារ RUA, KOPIA, អគ្គនាយកដ្ឋានឧត្តមសិក្សា ។ មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម នៃ RUA បាននាំយកបច្ចេកវិទ្យាដាំផ្សិតក្នុងរោង (ចំណូល ៧០០ ០០០ ទៅ ១០០០ ០០០រៀល/វដ្តផលិតកម្ម/រោង) និងរោងចល័ត ដើម្បីបង្ហាញដល់លោកគ្រូ អ្នកគ្រូ និងសិស្សវិទ្យាល័យវត្តអង្គរជ័យ ។ សូមអរគុណដល់មជ្ឈមណ្ឌល KOPIA ដែលចូលរួមចំណែកនិងគាំទ្រដល់ការបង្កើតទីតាំងបង្ហាញអំពីបច្ចេកទេសស្តង់ដាសម្រាប់ផលិតកម្មផ្សិតខ្នាតតូចនិងមធ្យម ។
នេះជាផ្លែផ្កាបឋមនៃភាពជាដៃគូ រវាងសាកលវិទ្យាល័យ និងវិទ្យាល័យ (STEM Education Local Partnership) នៃគម្រោង កែលម្អការអប់រំឧត្តមសិក្សា HEIPដែលទទួលបានឥណទានពីធនាគារពិភពលោក។ ការអនុវត្តភាពជាដៃគូរនេះមានគោលបំណង ផ្តល់ជាបំណិនដល់សិស្សវិទ្យាល័យ ដើម្បីអនុវត្ត បង្កើនផលិតកម្មក្នុងស្រុក សិស្សទទួលប្រាក់ចំណូលពីការអនុវត្តបំណិន និងពង្រឹងការសិក្សាលើមុខវិជ្ជាវិទ្យាសាស្រ្ត ដើម្បីត្រៀមលក្ខណៈចូលសិក្សានៅសាកលវិទ្យាល័យ។ សាកលវិទ្យាល័យភួមិន្ទកសិកម្ម (RUA) ជាសាកលវិទ្យាល័យ១ ក្នុងចំណោមសាកលវិទ្យាល័យទាំង៥ ដែលអនុវត្តភាពជាដៃគូនេះ ។ RUA នឹងបន្តយកបច្ចេកទេសសមស្រប ដែលអាចអនុវត្តបានដោយ លោកគ្រូ អ្នកគ្រូ និងសិស្ស ទៅកាន់វិទ្យាល័យគោលដៅបន្ថែមទៀត ។